_________________________________________
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក្រោមការឧបត្ថម្ភគាំទ្រដោយអង្គការ Vital Strategies បានបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគស៊ីជម្រៅដោយប្រើប្រាស់ទិន្នន័យអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ ដោយមានតំណាងក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល និងស្ថាប័នជាដៃគូរអភិវឌ្ឍន៍នានាចូលរួមជាង ២០០ នាក់ នាវេលាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការបានថ្លែងក្នុងឱកាសជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនេះបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថិតិរបស់អ្នកប្រើប្រាស់ វិទ្យាស្ថានជាតិស្ថិតិក៏ដូចជាអង្គភាពស្ថិតិនៅក្នុងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការបោះពុម្ព និងផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការរបស់ខ្លួន សម្រាប់ផ្តល់ដល់អ្នកប្រើប្រាស់ទូទៅ។
ឯកឧត្តមបន្តថា ក្នុងន័យនេះហើយទើបវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានសហការជាមួយក្រសួងពាក់ព័ន្ធដូចជា ក្រសួងសុខាភិបាល និងក្រសួងកិច្ចនារី បានរៀបចំរបាយការណ៍វិភាគស៊ីជម្រៅដោយប្រើទិន្ន ន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១ -២០២២ ដោយផ្តោតលើប្រធានបទសំខាន់ៗ ចំនួន៣ គឺរបាយការណ៍ស្តីអំពីអំពើហឹង្សាក្នុងគ្រួសារ ដែលជាកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងកិច្ចការនារី។
ក្នុងឱកាសនោះដែរ ឯកឧត្តម ទ្រី ឫទ្ធា អគ្គនាយកនៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ លើកឡើងថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិទ្យាស្ថានជាតិស្ថិតិ និងអង្គការ Vital Strategies ក្រោមគម្រោង “គំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (Data for Health Initiative: D4H)” របស់ Bloomberg Philanthropies ដែលមានសកម្មភាពសំខាន់ៗដូចជា ការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងផលជះនៃការប្រើប្រាស់ទិន្នន័យ ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់ ទិន្នន័យជាអតិបរមា ព្រមទាំងដើម្បីលើកកម្ពស់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការតាក់តែងគោលនយោបាយ សុខភាពសាធារណៈ។