______________________________________________
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ បានផ្តល់បទសម្ភាសដល់ ក្រុមមន្រ្តីជំរឿន ដែលដឹកនាំឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ អមដំណើរដោយ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ ខេត្តកណ្តាល។
ការធ្វើជំរឿនមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយនឹងត្រូវសម្ភាសឥស្សរជន និងប្រជាពលរដ្ឋដែលជាមេគ្រួសារប្រមាណជិត៣លានគ្រួសារ ក្នុងនោះមានមន្រ្តជំរឿន ប្រមាណ៥ម៉ឺននាក់នៅទូទាំងប្រទេស។
សូមជម្រាបថា ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។
ដើម្បីឲ្យការធ្វើជំរឿន ទទួលបានលទ្ធផលប្រកបដោយជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕