ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារវិទ្យាស្ថានជាតិស្ថិតិ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារវិទ្យាស្ថានជាតិស្ថិតិថ្មី ដែលមានកម្ពស់ ៨ជាន់ មានទីតាំងស្ថិតនៅបរិវេណសាលាជាតិផែនការនិងស្ថិតិ មានអាសយដ្ឋានភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល៣ឆ្នាំ ដោយអនុវត្តគម្រោងសាងសង់ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ តទៅ។
ពិធីបញ្ចុះបឋមសិលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយក អគ្គនាយក អគ្គនាយករងព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ អញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា វិទ្យាស្ថានជាតិស្ថិតិត្រូវការហេដ្ឋារចនាសម្ព័ន្ធទំនើប ដែលអាចគាំទ្រដល់ការផ្ទុក និងគ្រប់គ្រង ទិន្នន័យជាតិ ការធានាសុវត្ថិភាពទិន្នន័យ និងការផ្តល់សេវាទិន្នន័យប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ ការសាងសង់អគារថ្មីរបស់វិទ្យាស្ថានជាតិស្ថិតិ គឺជាការវិនិយោគជាយុទ្ធសាស្ត្រសម្រាប់អនាគតនៃប្រព័ន្ធស្ថិតិជាតិ របស់ព្រះរាជាណាចក្រកម្ពុជា និងជាការឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍស្ថាប័នក្នុងយុគសម័យឌីជីថល។
ឯកឧត្តម លើកឡើងបន្ថែមថា កន្លងមកវិទ្យាស្ថានជាតិស្ថិតិ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមមានជំរឿន និងអង្កេតជាតិធំៗជាច្រើន ដូចជា៖ ជំរឿន ប្រជាជនទូទៅ ជំរឿនកសិកម្ម ជំរឿនសេដ្ឋកិច្ច អង្កេតសង្គម សេដ្ឋកិច្ចកម្ពុជា អង្កេតកម្លាំងពលកម្មកម្ពុជា អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ អត្រាអតិផរណា ស្ថិតិគណនេយ្យជាតិ ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ-សង្កាត់តាមអនឡាញ (CDB Online) ការរៀបចំកម្មវិធី CAMSTAT តភ្ជាប់ជាមួយថ្នាលកម្មវិធីចែករំលែកទិន្នន័យ CamDX ការរៀបចំប្រមូលទិន្នន័យស្ថិតិពីក្រសួង ស្ថាប័ន និងអង្គភាពស្ថិតិថ្នាក់ក្រោមជាតិ ការធ្វើបច្ចុប្បន្នភាពគេហទំព័រ និងទិន្នន័យព័ត៌មានរបស់វិទ្យាស្ថានជាតិស្ថិតិ។
ជាពិសេសបាន ធ្វើការរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការអភិវឌ្ឍស្ថាប័ននៃវិទ្យាស្ថានជាតិស្ថិតិ និងប្រព័ន្ធស្ថិតិជាតិ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង រួមមាន៖ ការរៀបចំសេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ យុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ផែនការអភិវឌ្ឍន៍ស្ថាប័នឆ្នាំ២០២៦-២០២៨ របស់វិទ្យាស្ថានជាតិស្ថិតិ។
លើសពីនេះ វិទ្យាស្ថានជាតិស្ថិតិបានបន្តពង្រឹងគុណភាពស្ថិតិ និងស្តង់ដាអន្តរជាតិ ដូចជាប្រព័ន្ធគណនេយ្យជាតិ ចំណាត់ថ្នាក់សកម្មភាពសេដ្ឋកិច្ច ចំណាត់ថ្នាក់ទំនិញ និងសេវាកម្ម និងគោលការណ៍គ្រឹះ នៃស្ថិតិផ្លូវការរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យទិន្នន័យស្ថិតិរបស់កម្ពុជាកាន់តែមានគុណភាព ភាពជឿជាក់ និងអាចប្រៀបធៀបបានជាមួយបណ្តាប្រទេសផ្សេងៗ។