ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៥ ខេត្តតាកែវ

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៥ ខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលក្រុង ស្រុក និងលោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត ចំនួន ៨០រូប។ កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំដោយនាយកដ្ឋានស្ថិតិគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិសហការជាមួយមន្ទីរផែនការខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរផែនការខេត្តតាកែវ។

ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) ខេត្តកែប ឆ្នាំ២០២៥

(ខេត្តកែប)៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ និងលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត បានអញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុប (GDP) ខេត្តកែប ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកអគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ លោកប្រធានមន្ទីរផែនការខេត្ត លោក លោកស្រី តំណាងមន្ទីរវិស័យជ៉ំវិញខេត្ត លោកលោកស្រី តំណាងក្រុង ស្រុក ប្រធាន អនុប្រធានការិយាល័យ និងមន្ដ្រីមន្ទីរផែនការខេត្តសរុប ៦០រូប នៅសាលប្រជ៉ំសាលាខេត្តកែប។

កិច្ចប្រជុំពិភាក្សាពិនិត្យលើ ការធ្វើបច្ចុប្បន្នភាពតារាងបញ្ជីសំណួរទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញបិទកិច្ចប្រជុំពិភាក្សាពិនិត្យលើ ការធ្វើបច្ចុប្បន្នភាពតារាងបញ្ជីសំណួរទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ឆ្នាំ២០២៦ ដែលមានរបៀបវារៈដូចខាងក្រោម៖
– បទបង្ហាញស្ដីពីនិយមន័យគ្រួសារ និងកម្រងបញ្ជីសំណួរភូមិបង្ហាញសូចនាករសំខាន់ៗ ដែលត្រូវកែសម្រួលធ្វើបច្ចុប្បន្នភាពទិន្នន័យ
– កិច្ចពិភាក្សាជាមួយប្រធានមន្ទីររាជធានី ខេត្ត និងមន្រ្តីជំនាញ
– កិច្ចពិភាក្សាផ្នែកប្រជាសាស្រ្ត និងវិស័យកសិកម្ម
– កិច្ចពិភាក្សាផ្នែកអប់រំ និងសុខាភិបាល
– បូកសរុបលទ្ធផលលើការកែសម្រួលបញ្ជីសំណួរភូមិ
– បទបង្ហាញស្ដីពីបញ្ជីសំណួរឃុំ សង្កាត់ ស្រុក ខណ្ឌ បង្ហាញសូចនាករសំខាន់ៗដែលត្រូវកែសម្រួលទៅតាមទិន្នន័យរបស់ក្រសួង ស្ថាប័ន
– កិច្ចពិភាក្សាផ្នែកប្រជាសាស្ត្រ និងវិស័យកសិកម្ម
– កិច្ចពិភាក្សាផ្នែកបញ្ជីសំណួរស្រុក ខណ្ឌ
– បូកសរុបលទ្ទផលប្រជុំ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក ​លោកស្រី ប្រធានមន្ទីរ ប្រធានស្ដីទីមន្ទីរ និងមន្រ្តីជំនាញ CDB នៃមន្ទីរផែនការទាំង២៥រាជធានី ខេត្ត ទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញមកពីវិទ្យាស្ថានជាតិស្ថិតិ នៅបន្ទប់ប្រជុំផ្កាម្លិះជាន់ទី១ អគារ JICA។

កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៥ ខេត្តកោះកុង

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៥ ខេត្តកោះកុង ដោយមានការចូលរួមពីលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកអភិបាលក្រុង ស្រុក និងលោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត ចំនួន ៧៦រូប។ កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំដោយនាយកដ្ឋានស្ថិតិគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្ត នៅសាលមហោស្រពខេត្តកោះកុង។

កិច្ចប្រជុំលើកទី៣ គណៈកម្មការអន្តរក្រសួងសម្រាប់អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦

ទីស្តីការក្រសួងផែនការ
នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ គណៈកម្មការអន្តរក្រសួងសម្រាប់អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃអង្កេត។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារវិទ្យាស្ថានជាតិស្ថិតិ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារវិទ្យាស្ថានជាតិស្ថិតិថ្មី ដែលមានកម្ពស់ ៨ជាន់ មានទីតាំងស្ថិតនៅបរិវេណសាលាជាតិផែនការនិងស្ថិតិ មានអាសយដ្ឋានភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល៣ឆ្នាំ ដោយអនុវត្តគម្រោងសាងសង់ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ តទៅ។
ពិធីបញ្ចុះបឋមសិលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយក អគ្គនាយក អគ្គនាយករងព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ អញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា វិទ្យាស្ថានជាតិស្ថិតិត្រូវការហេដ្ឋារចនាសម្ព័ន្ធទំនើប ដែលអាចគាំទ្រដល់ការផ្ទុក និងគ្រប់គ្រង ទិន្នន័យជាតិ ការធានាសុវត្ថិភាពទិន្នន័យ និងការផ្តល់សេវាទិន្នន័យប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ ការសាងសង់អគារថ្មីរបស់វិទ្យាស្ថានជាតិស្ថិតិ គឺជាការវិនិយោគជាយុទ្ធសាស្ត្រសម្រាប់អនាគតនៃប្រព័ន្ធស្ថិតិជាតិ របស់ព្រះរាជាណាចក្រកម្ពុជា និងជាការឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍស្ថាប័នក្នុងយុគសម័យឌីជីថល។
ឯកឧត្តម លើកឡើងបន្ថែមថា កន្លងមកវិទ្យាស្ថានជាតិស្ថិតិ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមមានជំរឿន និងអង្កេតជាតិធំៗជាច្រើន ដូចជា៖ ជំរឿន ប្រជាជនទូទៅ ជំរឿនកសិកម្ម ជំរឿនសេដ្ឋកិច្ច អង្កេតសង្គម សេដ្ឋកិច្ចកម្ពុជា អង្កេតកម្លាំងពលកម្មកម្ពុជា អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ អត្រាអតិផរណា ស្ថិតិគណនេយ្យជាតិ ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ-សង្កាត់តាមអនឡាញ (CDB Online) ការរៀបចំកម្មវិធី CAMSTAT តភ្ជាប់ជាមួយថ្នាលកម្មវិធីចែករំលែកទិន្នន័យ CamDX ការរៀបចំប្រមូលទិន្នន័យស្ថិតិពីក្រសួង ស្ថាប័ន និងអង្គភាពស្ថិតិថ្នាក់ក្រោមជាតិ ការធ្វើបច្ចុប្បន្នភាពគេហទំព័រ និងទិន្នន័យព័ត៌មានរបស់វិទ្យាស្ថានជាតិស្ថិតិ។
ជាពិសេសបាន ធ្វើការរៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការអភិវឌ្ឍស្ថាប័ននៃវិទ្យាស្ថានជាតិស្ថិតិ និងប្រព័ន្ធស្ថិតិជាតិ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង រួមមាន៖ ការរៀបចំសេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ យុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ផែនការអភិវឌ្ឍន៍ស្ថាប័នឆ្នាំ២០២៦-២០២៨ របស់វិទ្យាស្ថានជាតិស្ថិតិ។
លើសពីនេះ វិទ្យាស្ថានជាតិស្ថិតិបានបន្តពង្រឹងគុណភាពស្ថិតិ និងស្តង់ដាអន្តរជាតិ ដូចជាប្រព័ន្ធគណនេយ្យជាតិ ចំណាត់ថ្នាក់សកម្មភាពសេដ្ឋកិច្ច ចំណាត់ថ្នាក់ទំនិញ និងសេវាកម្ម និងគោលការណ៍គ្រឹះ នៃស្ថិតិផ្លូវការរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យទិន្នន័យស្ថិតិរបស់កម្ពុជាកាន់តែមានគុណភាព ភាពជឿជាក់ និងអាចប្រៀបធៀបបានជាមួយបណ្តាប្រទេសផ្សេងៗ។