ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ (CDB Online)» និងផ្សព្វផ្សាយ «របាយការណ៍ស្តីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥»

(ទីស្តីការក្រសួងផែនការ)៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានប្រារព្វពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ (CDB Online)» និងផ្សព្វផ្សាយ «របាយការណ៍ស្តីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ត អាជ្ញាធរថ្នាក់ក្រោមជាតិ អង្គទូត ដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ការដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថល CDB Online នាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៃការគ្រប់គ្រងទិន្នន័យមូលដ្ឋាននៅថ្នាក់ក្រោមជាតិ។ ថ្នាលនេះនឹងរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការអភិវឌ្ឍន៍ ការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ទូទាំងប្រទេស ឱ្យកាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។